បាត់ខ្លួនដោយសាររទេះ និងគោមួយនឹម

តាមរយៈការសម្ភាសជាមួយ ផេង ឃឿន[1] ដែលជាប្អូនស្រីរបស់ ផេង ភឺន បានឲ្យដឹងថា ភឺន ត្រូវបានបាត់ខ្លួននៅរបបខ្មែរក្រហម។ ភឺន មានភូមិកំណើតក្នុងភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ភឺន មានឪពុកឈ្មោះ ជា ផេង និងម្ដាយឈ្មោះ ចាន់ ញ៉ឹប។ ភឺន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីពីរនាក់ ទី១ ឈ្មោះ ផេង ភាច, ទី២ ផេង ភឺន, ទី៣ ផេង ខន និងទី៤ ផេង ឃឿន។
នៅកុមារភាព ភឺន បានបួសរៀននៅសាលាក្នុងវត្តសំរោង។ នៅមុនរបបខ្មែរក្រហម ភឺន បានសឹកនិងរៀបការជាមួយប្រពន្ធ ឈ្មោះ ឈួង ប៉ុន្តែក្រោយមក អ្នកទាំងពីរលែងលះ និងមានកូនម្នាក់។ ប្អូនស្រីនិយាយថា ភឺន គ្មានប្រវត្តិចូលព្រៃធ្វើបដិវត្តន៍ជាមួយខ្មែរក្រហមពីមុនមកនោះទេ។ នៅរបបខ្មែរក្រហម កូនរបស់ភឺនម្នាក់ បានបាត់បង់ជីវិតដោយសារអត់ឃ្លាន។ ភឺន ត្រូវបានខ្មែរក្រហមរៀបចំឲ្យមានប្រពន្ធទី២ ដែលជាអ្នកស្រុកមោងឫស្សី និងមានកូនម្នាក់ទៀត ឈ្មោះ រស់។ ជាអកុសល កូនទី២ របស់គាត់ បានស្លាប់ដោយសារជំងឺកព្ជ្រឹាល។ ភឺន ត្រូវបានខ្មែរក្រហមបញ្ជាឲ្យដឹកស្រូវ និងអង្ករទៅដាក់នៅតាមរោងសហករណ៍នៅតំបន់កំពីងពួយ ដោយសារគាត់មានរទេះ និងគោមួយនឹម។ ប្អូនស្រី បញ្ជាក់ថា អ្នកភូមិនៅភូមិសំរោងអូរទ្រាភាគច្រើន នៅតាមគ្រួសារនីមួយៗមានរទេះដែលបន្សល់ទុកតាំងពីសម័យសង្គមរាស្ដ្រនិយម។
នៅពេល ភឺន ធ្វើជាអ្នកដឹកជញ្ជូន មានខ្មែរក្រហមមកសុំរទេះ និងគោមួយនឹមរបស់គាត់ តែ ភឺន បានបដិសេធ។ នៅឆ្នាំ១៩៧៧ ភឺន ត្រូវបានខ្មែរក្រហមចោទថា បានលួចអង្ករ និងស្រូវដែលគាត់ដឹក។ ក្រោយមក ភឺន ត្រូវបានកម្មាភិបាលភូមិភាគនិរតីហៅទៅប្រជុំនៅសាលាតាអន។ ប្អូនស្រីភឺន និយាយថា ភឺន ចាកចេញទៅ ដោយទុកចោលកូនម្នាក់ និងគោមួយនឹមនោះនៅវាលស្រែ។ មិនយូរប៉ុន្មាន មានអ្នកស្រុកមកប្រាប់ឪពុកភឺនថា មានគេចង់បានរទេះគោ ដូច្នេះទើបគេរៀបចំចាប់ខ្លួន និងរឹបអូសរទេះគោពីភឺន។ ប្អូនស្រីភឺន ចងចាំថា នៅពេលត្រលប់មកវិញ គឺគាត់មិនដែលឃើញភឺនយកអង្ករបានវិញនោះទេ គឺមានតែរទេះទទេប៉ុណ្ណោះ ដូច្នេះវាជាការមួលបង្កាច់របស់អង្គការខ្មែរក្រហម និងអ្នកដែលចង់បានរទេះគោពីបងប្រុសគាត់។ នៅចុងឆ្នាំ១៩៧៨ កម្មាភិបាលភូមិភាគនិរតី ដែលស្លៀកពាក់ឯកសណ្ឋានពណ៌ប្រផេះ បានចាប់ខ្លួនកម្មាភិបាលភូមិភាគពាយ័ព្យយកទៅជាបន្តបន្ទាប់ រួមទាំងគណៈតំបន់៤ ឈ្មោះ ហ៊ាន, គណៈ ស្រុកឈ្មោះ តាហត ទៅវត្តសំរោង។
តាមរយៈឯកសារលេខ K០៩០១០ ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខ ស-២១ ឬហៅថា គុកទួលស្លែង ឈ្មោះ ផេង ភឺន[2] មានអាយុ ៣៥ឆ្នាំ (គិតក្នុងឆ្នាំ១៩៧៨) ភេទប្រុស ជនជាតិខ្មែរ មានតួនាទីមុនពេលចូលបដិវត្តន៍ខ្មែរក្រហម ជាកសិករ រស់នៅភូមិបឹងឈូក ខេត្តបាត់ដំបង។ នៅរបបខ្មែរក្រហម ភឺន មានតួនាទីជា ប្រជាជនថ្មី នៅក្នុងសហករសាលាតាអន តំបន់៤។ ភឺន រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកសំរោង ខេត្តបាត់ដំបង។ ភឺន មានឪពុកឈ្មោះ ជា ផេង, ម្ដាយឈ្មោះ ចាន់ ញ៉ឹប និងមានប្រពន្ធឈ្មោះ ហ៊ុន ទី។ ភឺន មានកូនបីនាក់ ក្នុងនោះស្រីពីរនាក់។ ភឺន ត្រូវបានខ្មែរក្រហមឃាត់ខ្លួននៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៨ នៅភូមិភាគពាយ័ព្យ។ ភឺន ត្រូវបានឃុំឃាំងនៅផ្ទះ៤៣ បន្ទប់៣ និងមានភិនភាគ កម្ពស់ ១,៦១ ម៉ែត្រ និងប្រវែងដងខ្លួន 0,៨១ ម៉ែត្រ៕
[1] ឯកសារលេខ BBI០០១៥. (២០០៦). សម្ភាសជាមួយ ផេង ឃឿន ដោយ សុខ វណ្ណៈ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.
[2] ឯកសារលេខ K០៩០១០. (១៩៧៨). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ ផេង ភឺន. មជ្ឈមណ្ឌលឯកសារកម្ពុជា.