សាំ ម៉ាប់ រំឮកពីការចងចាំរបស់ខ្លួននៅក្នុងសម័យខ្មែរក្រហម

កងទ័ពបដិវត្តន៍បានជម្លៀសប្រជាជនពេញពីផ្ទះសម្បែងបន្ទាប់ពីឡើងគ្រប់គ្រងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រូបថតពីទស្សនាវដ្តីស្វែងរកការពិតលេខ ៣០៤ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំឈ្មោះ សាំ ម៉ាប់[1] គឺជាអនុប្រធានភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បើទោះបីជាខ្ញុំបានរួចផុតសេចក្ដីស្លាប់ពីរបបខ្មែរក្រហម ខ្ញុំនៅចងចាំបានយ៉ាងល្អអំពីការប្រឈមបាត់បង់ជីវិតនៅក្នុងរបបនេះ។ ខ្ញុំបានកើតនៅក្នុងឆ្នាំ១៩៥៩ នៅភូមិក្រសាំងតាម៉ង ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រី ចំនួន៧នាក់ ប៉ុន្តែជាអកុសល បងប្រុសរបស់ខ្ញុំ ម្នាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ (សង្គមចាស់​) នៅសាលាបឋមសិក្សាវត្តមហាខ្ញូង។ ខ្ញុំបានឈប់រៀន និងបានមកជួយការងារឪពុកម្ដាយដូចជា ឡើងត្នោតយកទឹកលក់, រកត្រី និងធ្វើចម្ការ។ បើទោះបីជាខ្ញុំបានឈប់រៀនយ៉ាងណាក៏ដោយ ខ្ញុំនៅបន្តការរៀនសូត្រនៅផ្ទះ តាមរយៈការបង្រៀនរបស់ឪពុកមា។

បន្ទាប់ពីរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំបានស្ដាប់តាមវិទ្យុសំឡេងជាភាសាខ្មែរអំពីព្រឹត្តិការណ៍រដ្ឋប្រហារនេះ។ នៅឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហមបានចូលមកដល់ និងបានឈរជើងក្នុងភូមិរបស់ ហើយបានប្រទាញប្រទុងរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។ នៅឆ្នាំ១៩៧២ កងទ័ពរំដោះខ្មែរក្រហមបានឈរជើងនៅក្នុងភូមិកាន់តែច្រើន។ នៅពេលនោះ មិនទាន់មានការកំណត់ហូបបាយរួមនៅឡើយទេ។

ចាប់ពីចុងឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៣ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម គឺផ្ទុះកាន់តែខ្លាំងឡើង។ ទាហាន លន់ នល់ តែងតែបើកការវាយប្រហារទៅលើកន្លែងឈរជើងរបស់កងទ័ពរំដោះខ្មែរក្រហមនៅតាមមាត់ទន្លេ។ បន្ទាប់ពីបើកការវាយប្រហារតាមផ្លូវទឹករួចហើយ ទាហានថ្មើរជើង លន់ នល់ ត្រូវបានបញ្ជូនចូលក្នុងភូមិដើម្បីបន្តការវាយប្រហារលើកងទ័ពរំដោះខ្មែរក្រហម​។ នៅពេលដែលកងទ័ពរំដោះខ្មែរក្រហមបានចេញអស់ពីភូមិទាហាន លន់ នល់ បានដកទៅឈរជើងនៅត្រើយម្ខាងទន្លេវិញ។ ការបើកការវាយប្រហារ លើកងទ័ពរំដោះខ្មែរក្រហម គឺដើម្បីធានាសុវត្ថិភាពរបស់កាប៉ាល់ម៉ារីនរបស់ទាហាន លន់ នល់ ដែលបានដឹកជញ្ជូនសម្ភារសឹក និងស្បៀងទៅទីរួមខេត្តកំពង់ចាម នៅពេលឆ្លងកាត់តំបន់រំដោះខ្មែរក្រហម។

នៅចុងឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមជាច្រើនត្រូវបានបញ្ជូនមកឈរជើងនៅក្នុងភូមិមហាសៀកក្រោម និងបន្តសង្រ្គាមជាមួយទាហាន លន់ នល់ ទាំងផ្លូវទឹក និងផ្លូវគោក រហូតទទួលបានជ័យជម្នះ លើទាហានលន់ នល់។

នៅពាក់កណ្ដាលឆ្នាំ១៩៧៥ ខ្ញុំត្រូវបានដាក់ចូលក្នុងកងចល័តត្រពាំងត្រុំដើរ បង្វាស់ដៃគ្នាធ្វើស្រែ។ ខ្ញុំត្រូវក្រោកទៅធ្វើស្រែនៅម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង៧យប់។ ប្រធានកងចល័ត បានបា្រប់ឱ្យធ្វើការគ្រប់ផែនការ ប៉ុន្តែប្រសិនបើមិនគ្រប់ ខ្ញុំមិនទទួលបានរបបអាហារហូបនោះទេ។ នៅឆ្នាំ១៩៧៦ កងចល័តរបស់ខ្ញុំត្រូវបានផ្លាស់ទៅខាងបឹង ណាយ គ្រប់គ្រងដោយមេសហករណ៍ឈ្មោះ ពូក។

នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានធ្វើប្រវត្តិរូបឡើងវិញ និងបានបញ្ជូនទៅខាងកសិកម្មស្រុកវិញ ដែលមានឈ្មោះ លី គឺជាប្រធាន។ ក្រោយមកឈ្មោះ លី ត្រូវបានចាប់យកទៅសម្លាប់ចោលនៅពេលដែលកម្មាភិបាល ភូមិភាគនិរតីបានមកដល់។ ការកាប់សម្លាប់គឺកើតឡើងកាន់តែច្រើនឡើង។ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហម[2]។ ខ្ញុំបានរត់ទៅខេត្តកំពង់ធំ។

ខ្ញុំបានបន្តសំងំរស់នៅ ខេត្តកំពង់ធំ រហូតដល់ ឆ្នាំ១៩៨០ ទើបខ្ញុំបានវិលត្រឡប់មកភូមិវិញ​។ ខ្ញុំបានចាប់ផ្ដើមបើកកន្លែងជួសជុលម៉ាញ៉េ និងវិទ្យុ។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ខ្ញុំបានចូលប្រើការងារជា​អនុប្រធានភូមិមហាសៀកក្រោម រហូតដល់បច្ចុប្បន្ន។

អត្ថបទដោយ លី ដេវីត


[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ សាំ​ ម៉ាប់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ខែមករា ឆ្នាំ២០២១, សម្ភាសដោយ ទូច វណ្ណេត,​ មជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin