កែន រ៉ិត៖ សោកស្ដាយដែលមិនបានយកកូនទៅព្យាបាលឲ្យទាន់ពេលវេលា

កែន រ៉ិត អាយុ៦៩ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ កាលពីសង្គមចាស់ ​ជីវភាពគ្រួសាររបស់រ៉ិត មានជីវភាពធូរធារ និងមានការហូបចុកគ្រប់គ្រាន់។ ដោយសារតែជីវភាពល្អប្រសើរពីសង្គមចាស់ បានធ្វើឲ្យស្ថានភាពគ្រួសាររបស់រ៉ិត នៅក្នុងរបបខ្មែរក្រហម ជួបប្រទះនូវទុក្ខវេទនាជាខ្លាំង ដោយត្រូវប្រឈមនឹងការខ្វះខាត, បែកបាក់គ្រួសារ, ធ្វើការងារហួសកម្លាំង និងរស់នៅដោយមានភាពភ័យខ្លាចអង្គការយកទៅសម្លាប់ចោល។ អង្គការបានចាត់ទុកគ្រួសាររបស់រ៉ិត ជាប្រជាជនមិនពេញសិទ្ធ រស់នៅដោយមិនមានសិទ្ធសេរីភាព។

នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ រ៉ិត មិនបានរស់នៅជួបជុំគ្នានោះទេ ដោយកូនរបស់គាត់ត្រូវបញ្ជូនទៅក្នុងកងកុមារ ហើយរ៉ិត ធ្វើការងារនៅក្នុងកងចល័តជាមួយម៉ែៗ ឯប្ដីរបស់គាត់ធ្វើការងារឡើងត្នោត និងរកបន្លែដាក់ក្នុងរោងបាយ។ នៅក្នុងកងចល័តជាមួយ ម៉ែៗ រ៉ិត ធ្វើការងារជីកព្រែក, លើកប្រព័ន្ធភ្លឺ, ជីកស្រះ និងធ្វើស្រែ តាមអង្គការចាត់តាំង។ នៅកន្លែងធ្វើការងារ រ៉ិត មិនមានកន្លែងសម្រាកត្រឹមត្រូវនោះទេ ហើយពេលខ្លះត្រូវធ្វើការងារទាំងយប់បន្ថែមទៀត។ មួយវិញទៀត រ៉ិត ត្រូវធ្វើការងារហួសកម្លាំងជារៀងរាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺមិនគ្រប់គ្រាន់នោះទេ។ នៅពេលដែលដាច់ស្បៀងខ្លាំង អង្គការដាំបបរមួយខ្ទះដាក់អង្ករ៣កំប៉ុង លាយជាមួយពោត និងពេលខ្លះ ឲ្យប្រជាជន​ហូបពោតតែម្ដង។

ក្រោយមក រ៉ិត សម្រាលបានកូនម្នាក់ទៀតនៅក្នុងសហករណ៍។ ពេលសម្រាលកូនរួច រ៉ិត ត្រូវមើលថែកូនរបស់គាត់ និងទារកផ្សេងទៀតដែលម្ដាយចេញទៅធ្វើការងារ។ បន្ទាប់ពីសម្រាលកូនបាន៣ខែ អង្គការចាត់តាំង រ៉ិត ឲ្យចូលធ្វើការងារនៅក្នុងរោងបាយ ហើយកូនរបស់គាត់ត្រូវនៅជាមួយស្រ្ដីដែលទើបសម្រាលកូនក្រោយមកទៀត។ នៅពេលដែលចេញទៅធ្វើការងារ រ៉ិត មិនបានមើលថែកូនរបស់គាត់ដិតដល់នោះទេ ហេតុនេះហើយកូនរបស់គាត់ធ្លាក់ខ្លួនឈឺ និងស្លាប់នៅអាយុ១១ខែ។ នៅពេលដែលកូនឈឺធ្ងន់ រ៉ិត បានសុំច្បាប់អង្គការនាំកូនទៅព្យាបាលនៅពេទ្យក្រវាដែរ តែត្រូវគ្រូពេទ្យបញ្ជូនកូនគាត់បន្តទៅពេទ្យស្រែល្វា ហើយកូនគាត់ស្លាប់នៅទីនោះ។ នៅពេលដែលកូនស្លាប់ រ៉ិត មានការសោកស្ដាយ ព្រោះគាត់មិនហ៊ានសុំអង្គការឈប់សម្រាកពីការងារ ដើម្បីយកកូនទៅព្យាបាលឲ្យទាន់ពេលវេលា។

កូនដែលរស់នៅក្នុងកងកុមារ មិនហ៊ានរត់មកលេងផ្ទះនោះទេ ព្រោះគាត់ខ្លាចសត្វក្ងាននៅតាមផ្លូវ និងខ្លាចប្រធានកងដាក់ទោស។ មួយវិញទៀត រ៉ិត ក៏មិនចង់ឲ្យកូនត្រលប់មកផ្ទះនោះដែរ ព្រោះខ្លាចប្រធានកងវាយធ្វើបាបកូននៅពេលដែលរត់ត្រលប់មកផ្ទះ។ នៅពេលដែលនឹកកូនខ្លាំង រ៉ិត បានយកស្ករផែន ឬអាហារបន្តិចបន្តួច ដែលគាត់លួចលាក់បានយកទៅឲ្យកូន។

រ៉ិត បានឲ្យដឹងថា គាត់ពេញចិត្តចំពោះតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ព្រោះខ្មែរក្រហមធ្វើបាបប្រជាជនខ្លាំង។ មួយវិញទៀត រ៉ិត ចង់ឲ្យមានការចងក្រងឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម ដើម្បីឲ្យក្មេងជំនាន់ក្រោយបានសិក្សារៀនសូត្រ។ នៅពេលអ្នកស្ម័គ្រចិត្តសម្ភាស រ៉ិត មានជំងឺលើសសម្ពាធឈាម និងក្រពះពោះវៀន។ អាការជំងឺរបស់ រ៉ិត គឺខ្សោយកម្លាំង។ ដើម្បីព្យាបាលជំងឺ រ៉ិត បានទៅទិញថ្នាំពេទ្យលេប ឬដាក់សេរ៉ូមកម្លាំង រួមផ្សំជាមួយការហូបថ្នាំខ្មែរ។

អត្ថបទដោយ៖ ភា រស្មី

សម្ភាសដោយ៖ គ្រី ភាព ថ្ងៃទី១៤ ខែសីហា ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin