គង់ ឈៀវ (ជីវិតក្រោយសមាហរណកម្ម)

គង់ ឈៀវ[1] ជាអតីតជាយោធាខ្មែរក្រហម ធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើន តាំងពីឆ្នាំ១៩៧១ ដល់១៩៩៩ ជួបរឿងរ៉ាវជាច្រើនពីអតីតកាល។ នៅពេលកម្លាំងយោធាខ្មែរក្រហម រស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភាគខាងលិច ជាពិសេសតំបន់ចុងក្រោយលើជួរភ្នំដងរែក ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ ទទួលយកបទឈប់បាញ់ពីរដ្ឋាភិបាលភ្នំពេញ។ ខ្ញុំ យល់ឃើញថា ជារឿងល្អបំផុតដែលខ្មែរយើងរួបរួមគ្នា និងចេះផ្សះផ្សាគ្នា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ នៅក្រោយសមាហរណកម្ម ជីវិតខ្ញុំ និងប្រជាជនទទួលបានសុខសន្តិភាពពិតប្រាកដ ឈប់បារម្មណ៍រឿងសង្រ្គាម។ បច្ចុប្បន្ននេះ ខ្ញុំ និងប្រពន្ធកូនរស់នៅភូមិថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ យើងខ្ញុំមានសេចក្តីរីករាយក្នុងជីវិត ទោះបីមិនមានទ្រព្យសម្បត្តិច្រើនដូចអ្នកដទៃក៏ជីវិតរស់នៅមានសេក្តីសុខ កូនចៅបានចូលសាលារៀន និងមានប្រពៃណី វប្បធម៌ សាសនាទូលំទូលាយ។
ខ្ញុំ កើតនៅឆ្នាំ១៩៥២ មានឪពុកឈ្មោះ គង់ ញែម ម្តាយឈ្មោះ កើត រាំ និងមានបងប្អូនបីនាក់ រស់នៅភូមិសង្រ្គាម ឃុំសង្រ្គាម ស្រុកស្ទោង ខេត្តកំពង់ធំ។ ខ្ញុំ រៀនសូត្រនៅសាលាបឋមសិក្សាសង្រ្គាមត្រឹមថ្នាក់ទី១០(សង្គមចាស់)។ ខ្ញុំ ឈប់រៀននៅឆ្នាំ១៩៦៩ មកជួយធ្វើស្រែចម្ការឪពុកម្តាយ ដើម្បីជួយដោះស្រាយជីវភាពគ្រួសារ។
នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តមសីហនុ។ ប្រជាជនរស់នៅតាមស្រុកស្រែចម្ការភាគច្រើនមិនសប្បាយចិត្តទៅនឹងរបបថ្មីដឹកនាំប្រទេសជាតិដោយឧត្តមសេនីយ លន់ នល់។ នៅអំឡុងពេលនោះដែរ ប្រជាជននាំគ្នាធ្វើមហាបាតុកម្ម ដើម្បីទាមទារសម្តេចឪយាងត្រឡប់មកដឹកនាំប្រទេសជាតិវិញ។ ការធ្វើបាតុកម្មរបស់ប្រជាជន មិនបានសម្រេច ដោយសារទាហានឧត្តមសេនីយ លន់ នល់ បាញ់ប្រហារមកលើក្បួនបាតុកម្ម និងចាប់ខ្លួនយកទៅដាក់គុកថែមទៀត។ បន្ទាប់មកទៀតកម្លាំងចលនាខ្មែរក្រហម បានចូលមកដល់ភូមិសង្រ្គាម រួចធ្វើការប្រយុទ្ធប្រឆាំងរបបសក្តិភូមិនាយទន់ ប្រតិកិរិយា និងបានឃោសនាឲ្យយុវជនយុវនារីចូលព្រៃម៉ាគីដើម្បីរំដោះប្រទេសជាតិឡើងវិញ នៅអំឡុងពេលនោះ សង្រ្គាមទម្លាក់គ្រាប់បែកជាច្រើនលើក ស្ទើរតែរាល់ថ្ងៃ បានធ្វើឲ្យកំហឹងរបស់ប្រជាជនកាន់តែឡើងកំដៅ។
នៅឆ្នាំ១៩៧១ ខ្ញុំ បានស្ម័គ្រចិត្តចូលធ្វើជាយោធាខ្មែរក្រហម នៅមន្ទីរសម្ងាត់ក្នុងព្រៃ បន្ទាប់មកកាន់កាំភ្លើងចូលសមរភូមិវាយប្រយុទ្ធជាមួយទាហាន លន់ នល់ ចាប់ពីខេត្តកំពង់ធំ រហូតដល់ខេត្តពោធិ៍ សាត់ បន្តមកខេត្តកំពង់ឆ្នាំង និងសំដៅដណ្តើមទីក្រុងភ្នំពេញ។ នៅអំឡុងសង្រ្គាមភូមិភាគពាយ័ព្យដឹកដោយរស់ ញឹម ភូមិភាគឧត្តរដឹកនាំដោយ កុយ ធួន ភូមិភាគបូព៌ាដឹកនាំដោយសោ ភឹម និរតីដឹកនាំដោយតាម៉ុក។ សង្រ្គាមបានកើតឡើងរយៈពេលប្រាំឆ្នាំ បានធ្វើឲ្យជីវិតកងទ័ពទាំងសងខាង និងជីវិតប្រជាជនស៊ីវិលស្លាប់អស់ជាច្រើននាក់សុទ្ធជាខ្មែរដូចគ្នា។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យឡើងកាន់អំណាច បានជម្លៀសប្រជាជនរស់នៅទីក្រុងភ្នំពេញ រួមទាំងមន្រ្តីរាជការឲ្យទៅរស់នៅតាមស្រុកស្រែចម្ការ ដើម្បីធ្វើកសិកម្មទាំងអស់គ្នា ដើម្បីបញ្ជាក់ភាពរស់នៅស្មើសិទ្ធិគ្នា។ នៅឆ្នាំ១៩៧៧ បញ្ហាផ្ទៃក្នុងនៅក្នុងរបបខ្មែរក្រហម បានបង្កើតបក្ខពួកដោយចោទក្រុមម្ខាងថា ក្បត់រហូតចាប់ខ្លួនកម្មាភិបាលថ្នាក់តំបន់ ថ្នាក់ភូមិភាគមួយចំនួនធំ រហូតដល់យោធាថ្នាក់ក្រោមមួយចំនួនទៀត។ នៅឆ្នាំ១៩៧៨ ខ្ញុំ ជាកងការពាររថយន្តដឹកជញ្ជូនស្បៀងអាហារសម្រាប់ប្រជាជន និងយោធា តែមួយរយៈចុងក្រោយ ខ្ញុំមិននឹកស្មានថា ប្រធានអង្គភាពចេញបញ្ជាឲ្យយកស្រូវអង្ករមួយចំនួនធំទៅចាក់ចោល និងខាអាវមួយចំនួនទៀតត្រូវចាក់ទឹកអាស៊ីតកម្ទេចចោល។ ខ្ញុំត្រឹមជាកងការពារឋានៈតូចទាប មិនយល់ច្បាស់ហេតុការណ៍ទាំងអស់នេះទេ ត្រឹមដឹងថា ប្រជាជនរស់នៅតាមមូលដ្ឋានគ្មានអាហារហូបគ្រប់គ្រាន់ និងមានជំងឺរហូតដល់បាត់បង់ជីវិត។ នៅឆ្នាំចុងឆ្នាំ១៩៧៨ ខ្ញុំ ត្រូវអង្គការបញ្ជូនទៅសមរភូមិជួរមុខព្រំដែនខាងកើតភូមិភាគបូព៌ា ដើម្បីវាយប្រយុទ្ធជាមួយកងទ័ពវៀតណាម ។ ខ្ញុំ និងយោធាខ្មែរក្រហមជាច្រើនទៀតបាក់ទឹកចិត្តលែងចង់ប្រយុទ្ធជាមួយកងទ័ពវៀតណាម។ ដោយ សារគោលនយោបាយខ្មែរក្រហមមិនច្បាស់លាស់ ចេះតែបន្តចាប់ខ្លួនយោធាដែលមានលះបង់កម្លាំងកាយចិត្តតាំងពីដើមរហូតមក។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសង្រ្គោះជាតិកម្ពុជា បានសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម និងរំដោះប្រជាជនកម្ពុជា ជាបន្តបន្ទាប់ទូទាំងប្រទេស។ ខ្ញុំ ជាយោធាខ្មែរក្រហម បានដោះសម្លៀកបំពាក់ទ័ពចោល បន្លំខ្លួនធ្វើប្រជាជន រត់ភៀសខ្លួនតាមផ្លូវជាតិលេខ១ មកដល់ត្រោយខាងកើតអ្នកលឿង ខ្ញុំ និងមិត្តរួមអាវុធកាប់ដើរចេកម្នាក់មួយដើមសម្រាប់ហែលឆ្លងទឹកទន្លេមេគង្គ។ ខ្ញុំ ហែលឆ្លងផុត និងខ្លះហែលឆ្លងមិនរួចក៏ស្លាប់។ ខ្ញុំបានធ្វើដំណើរមកដល់ស្រុកកំណើតវិញជួបជុំបងប្អូន បានមួយរយៈពេលខ្លី ជំនាញការវៀតណាម ចាប់ផ្តើមចុះស្រាវជ្រាវប្រវត្តិរូបរកអ្នកណាជាប់និន្នាការនយោបាយហៅមកអប់រំរៀនសូត្រ(ខ្លាចពាក្យថា រៀនសូត្រពីអតីតកាល)។ ខ្ញុំ ភ័យខ្លាចវៀតណាមចាប់ខ្លួន ក៏រត់ភៀសខ្លួនចូលព្រៃបន្តទៀត ធ្វើដំណើរក្នុងព្រៃមិនងាយស្រួលទេ សម្រាកក្រោមដើមឈើនៅពេលយប់ គ្មានអាហារហូបគ្រប់គ្រាន់ ឃើញមនុស្សស្លាប់ក្នុងព្រៃជាហូរហែរ។ ខ្ញុំ បានធ្វើដំណើរបន្តរហូតដល់ព្រំដែនភាគខាងលិចកម្ពុជា-ថៃ ក៏នៅមានមនុស្សស្លាប់ដោយអត់អាហារ ជាពិសេសជំងឺគ្រុនចាញ់ យើងមិនទាន់មានថ្នាំព្យាបាល។ នៅដើមឆ្នាំ១៩៨០ ខ្ញុំស្ម័គ្រចិត្តចូលធ្វើជាយោធាខ្មែរក្រហម ឡើងវិញនៅលើកំពូលភ្នំដងរែក តាម៉ុក មានអំណាចកាន់កាប់តំបន់អន្លង់វែងទាំងមូល។ ជីវិតជាយោធាខ្មែរក្រហម រស់នៅក្នុងន័យតស៊ូការពារទឹកដីគ្មានប្រាក់ខែទេ តែប្រធានកងពលឈ្មោះ តាសារឿន(០៥)និងតាសាន(០៦)ដឹកនាំយោធាខ្មែរក្រហម វាយប្រយុទ្ធជាមួយកងទ័ពវៀតណាម(យួន) និងកងទ័ពរដ្ឋាភិបាលលោក(ហេង សំរិន) ពីអតីតកាល។ នៅអំឡុងពេលសង្រ្គាមឆ្នាំ១៩៨០ដល់១៩៨៧ ខ្ញុំសង្កេតឃើញថា កងទ័ពវៀតណាម ស្លាប់នៅក្នុងទឹកដីខ្មែររាប់ម៉ឺននាក់ នេះមិនគិតពីកងទ័ពរដ្ឋាភិបាលកម្ពុជាទេ ចំណែកកម្លាំងយោធាខ្មែរក្រហម មួយចំនួនធំក៏ស្លាប់ដោយសារសង្រ្គាមទាំងនេះដែរ។
នៅឆ្នាំ១៩៨៧ ខ្ញុំ បានចេញមកសមរភូមិសំឡូត ខេត្តបាត់ដំបង ជាមួយមាស មុត, ស៊ូ ម៉េត រហូតដល់ឆ្នាំ១៩៩០ ខ្ញុំរត់ភៀសខ្លួនចូលជំរុំក្នុងទឹកដីថៃ ដល់ឆ្នាំ១៩៩៩ កើតមានសមាហរណកម្ម ខ្ញុំ ត្រឡប់មករស់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ដល់រាល់ថ្ងៃនេះ ប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត។
អត្ថបទដោយ សុខ វណ្ណៈ
[1] នៅថ្ងៃទី២0 ខែឧសភា ឆ្នាំ២០១១, សុខ វណ្ណៈ បានជួបសម្ភាសន៍ជាមួយឈ្មោះ គង់ ឈៀវ ភេទប្រុស កើតនៅឆ្នាំ១៩៥២ (អតីតយោធាខ្មែរក្រហម )។ ឈៀវ ធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើន និងមិនចង់មានសង្រ្គាមទេ ដើម្បីប្រទេសរីកចំរើន។ សព្វថ្ងៃរស់នៅភូមិថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។លេខឯកសារ (PTI0058) តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា