ណុប ហ៊ីម៖ អង្គការយកចិត្តទុកដាក់លើយោធា ជាជាងប្រជាជន
ណុប ហ៊ីម អាយុ៦០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង ហ៊ីម ចូលរៀនដំបូងជាមួយលោកគ្រូ ឆេង នៅលើសាលាឆាន់ ក្នុងវត្ត។ ក្នុងពេលរៀន គ្រូបានយកខ្សែកញ្ចែបត់ជាពីរ រួចវាយទៅលើខ្នងសិស្ស ដែលរៀនអក្សរមិនចេះ។ បន្ទាប់ពីវាយរួច នៅលើខ្នងកុមារ មានស្នាមរាងដូចជាស្រៈ អិ ទើបគ្រូ តែងតែគម្រាមសិស្សថា “ស្រៈអិ ឥលូវហើយ”។ ហ៊ីម រៀនជាមួយគ្រូបានមួយរយៈពេលខ្លី មិនទាន់ចេះស្រៈ និងព្យញ្ជនៈទេ។ ពេលនៅរៀន ហ៊ីម អាចសុំអនុញ្ញាតពីគ្រូទៅលេងឪពុកម្ដាយនៅផ្ទះបានយូរៗម្ដង។
នៅឆ្នាំ១៩៧៥ មានប្រជាជន ១៧មេសា ជាច្រើនគ្រួសារ ចូលមករស់នៅក្នុងសហករណ៍ដែល ហ៊ីម រស់នៅ។ នៅក្នុងសហករណ៍ អង្គការបានបណ្ដើរប្រជាជនថ្មី យកទៅសម្លាប់ទាំងយប់ជាបន្តបន្ទាប់ ទម្លាក់ក្នុងត្រពាំងខ្នារ។ ក្រោយមក នៅក្នុងភូមិដែល ហ៊ីម រស់នៅ ចាប់ផ្ដើមលុបបំបាត់ការគោរពសាសនា ហើយព្រះសង្ឃទាំងអស់ត្រូវបង្ខំឲ្យលាចាកសិក្ខាបទ បើមិនធ្វើតាមទេ គឺយកទៅសម្លាប់ចោល។ ហ៊ីម បានឲ្យដឹងថា កម្មាភិបាលខ្មែរក្រហមដែលដឹកនាំនៅក្នុងឃុំអង្កាញ់ មានឈ្មោះថា មូល ហើយកម្មាភិបាលខ្មែរក្រហមដែលដឹកនាំនៅក្នុងភូមិគឺឈ្មោះ ភាព។
ចំណែក ហ៊ីម អង្គកាបានបញ្ជូនគាត់ឲ្យចូលក្នុងអង្គភាព ដើម្បីធ្វើការងារជីកព្រែក, ជីកប្រឡាយ និងលើកភ្លឺ។ ពេលធ្វើការងារក្នុងអង្គភាព ហ៊ីម ទទួលបានអាហារមិនគ្រប់គ្រាន់នោះទេ ដោយក្នុងមួយពេលអង្គការដាក់អង្ករ៤កំប៉ុងប៉ុណ្ណោះដើម្បីដាំបបរមួយខ្ទះ។ ចំពោះសម្លៀកបំពាក់វិញ អង្គការចែកឲ្យម្នាក់ៗចំនួន៤សម្រាប់ ក្នុងរយៈពេលមួយឆ្នាំ ប៉ុន្តែសាច់ក្រណាត់ខោអាវស្ដើងឆាប់រហែក។
នៅឆ្នាំ១៩៧៧ អង្គការបានបញ្ជូន ហ៊ីម ឲ្យទៅធ្វើជាយោធា ប្រយុទ្ធជាមួយទាហានវៀតណាម។ មុនពេលចេញពីភូមិ អង្គការមិនបានផ្ដល់ដំណឹងឲ្យ ហ៊ីម ជាមុន ដែលអាចឲ្យគាត់ប្រាប់ទៅកាន់ឪពុកម្ដាយនៅក្នុងសហករណ៍បាននោះទេ។ នៅពេលព្រឹកឡើង អង្គការហៅ ហ៊ីម និងយុវជនផ្សេងទៀត ឡើងលើឡានរួចចេញដំណើរតែម្ដង។ ពេលហ៊ីមធ្វើដំណើរទៅដល់សាលាស្រុកព្រៃល្វា អង្គការចែក ខោអាវ, សម្ពាយ, ចានមួយ និងស្លាបព្រាមួយម្នាក់ រួចបញ្ជូនទៅហ្វឹកហាត់ក្បួនយោធានៅភ្នំទេព។ នៅភ្នំទេព ហ៊ីម បានចូលរួមហ្វឹកហាត់នៅតាមទន្លេមេគង្គមួយរយៈ រួចចេញទៅសមរភូមិជាមួយវៀតណាម។
ហ៊ីម បានឲ្យដឹងថា សម្លៀកបំពាក់ខ្មៅ ដែលអង្គការចែកឲ្យទាហាន មានសាច់ក្រណាត់ល្អជាងនៅមូលដ្ឋាន ហើយការហូបអាហារក៏គ្រប់គ្រាន់ជាងនៅមូលដ្ឋានដែរ។ លើសពីនេះទៅទៀត ការព្យាបាលយោធាខ្មែរក្រហម គឺល្អប្រសើរជាងព្យាបាលនៅក្នុងភូមិ ដែលមានត្រឹមថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ប្រើប្រាស់។ នៅសមរភូមិ ហ៊ីម បានឃើញគ្រូពេទ្យចាំជួយព្យាបាលយោធារបួសជាច្រើននាក់។ ក្នុងការព្យាបាល ពេទ្យបានបញ្ជូលឈាម, ចាក់ថ្នាំ, ដាក់សេរ៉ូម និងប្រើប្រាស់ថ្នាំល្អៗទៅតាមប្រភេទរបួសធ្ងន់ ឬស្រាល។
នៅឆ្នាំ១៩៧៩ ក្រុមរបស់ ហ៊ីម បានបាក់ទ័ព និងរត់ភៀសខ្លួន ឡើងភ្នំនៅខេត្តភាគខាងលិច។ នៅលើភ្នំ ហ៊ីម បានចូលរួមជាមួយយោធាខ្មែរក្រហមបន្តទៀតរយៈពេលប្រមាណ៤ខែទៀត ប៉ុន្តែមិនទាន់បានវាយជាមួយវៀតណាមទេ គាត់ក៏បានសម្រេចចិត្តត្រលប់មកផ្ទះវិញ។
ហ៊ីម យល់ថាការកាត់ទោសមេដឹកនាំខ្មែរក្រហមគឺផ្ដល់យុត្តិធម៌ដល់ប្រជាជន។ មួយវិញទៀត ហ៊ីម យល់ស្របចំពោះការចងក្រងឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម និងរៀបចំកន្លែងទុកឯកសារ ឲ្យកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ។
អត្ថបទដោយ៖ ភា រស្មី
សម្ភាសដោយ៖ គ្រី ភាព ថ្ងៃទី២៩ ខែសីហា ២០២១